ថ្ងៃអង្គារ ៣ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤, នៅខេត្តកំពង់ធំ, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដឹកនាំដោយ ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង អ.គ.ហ. តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយមន្រ្តីជំនាញជាន់ខ្ពស់ និងមន្រ្តីជំនាញនៃ អ.គ.ហ. បានរៀបចំសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការប្រមូលទិន្នន័យសម្រាប់វាយតម្លៃចំណាយសាធារណៈ និងគណនេយ្យភាពហិរញ្ញវត្ថុ ក្នុងការលើកកម្ពស់ការផ្ដល់សេវាសាធារណៈក្នុងវិស័យអប់រំ។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណង៖
(ទី១). ផ្សព្វផ្សាយអំពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជូនដល់លោក លោកស្រីតំណាងមន្ទីរអប់រំ យុវជន និងកីឡា និង ការិយាល័យអប់រំ យុវជន និងកីឡាក្រុង ស្រុក ក្នុងខេត្តកំពង់ធំ ព្រមទាំងលោក លោកស្រី នាយក នាយិការ និងលោកគ្រូ អ្នកគ្រូចំនួនប្រមាណជាង ១៨០ រូប នៃសាលារៀននៅក្នុងខេត្តកំពង់ធំ។ ជារួមតាមរយៈការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈអស់រយៈពេលជិត ២០ ឆ្នាំកន្លងទៅការប្រមូលចំណូលថវិកាជាតិ មានការកើនឡើងក្នុងទំហំប្រមាណជិត ២០ ដង, ខណៈចំណាយថវិកាជាតិសរុប បានកើនឡើងជិត ១៥ ដង ដែលបានផ្តល់លទ្ធភាពឱ្យរាជរដ្ឋាភិបាលបង្កើនចំណាយទៅលើវិស័យអាទិភាព រួមមានវិស័យសង្គមកិច្ចដែលមានទំហំប្រមាណ២២% នៃចំណាយជាតិសរុប ក្នុងនោះចំពោះក្រសួងអប់រំ យុវជន និងកីឡាទទួលបានថវិកាកើនឡើងជាង ២ ដងកន្លះចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២៤។ ទន្ទឹមនេះ, ប្រាក់បៀវត្សមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ត្រូវបានតម្លើងជាលំដាប់យ៉ាងតិចច្រើនជាង ១ លានរៀលគិតត្រឹមឆ្នាំ២០២៤ ក្នុងនោះប្រាក់បៀវត្សអប្បបរមារបស់គ្រូបង្រៀនប្រមាណ ១ ៤០០ ០០០រៀល។
(ទី២). ប្រមូលទិន្នន័យសម្រាប់ការវាយតម្លៃប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈក្នុងវិស័យអប់រំ ដើម្បីសិក្សាអំពីការប្រែប្រួលគុណភាពនៃសេវាអប់រំ ដែលជាបច្ច័យនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកន្លងមក ក្នុងខណៈដែលកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឈានដល់ដំណាក់កាលទី៤ “គណនេយ្យភាពសមិទ្ធកម្ម” ជាដំណាក់កាលចុងក្រោយនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយបានសម្រួចទិស និងតម្រង់គោលដៅឆ្ពោះទៅរកការកសាងនូវប្រព័ន្ធថវិកាជាតិមួយ ដែលផ្ដោតលើ “សមិទ្ធកម្ម ឬ លទ្ធផល” នៅក្នុងរាជរដ្ឋាភិបាលទាំងមូល។